រក​ឃើញ​រូបមន្ត​សាងសង់​ប្រាសាទ​សម័យ​អង្គរ

រក​ឃើញ​រូបមន្ត​សាងសង់​ប្រាសាទ​សម័យ​អង្គរ 24/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , ,
trackback

4 វាយតម្លៃ

 

ដកស្រង់​ពី​ វិទ្យុ​អាស៊ីសេរី

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ វិទ្យុ​អាស៊ី​សេរី​បាន​លើក​យក​ការ​អះអាង​របស់​អ្នក​សិក្សា ស្រាវ​ជ្រាវ​ បុរាណ​វត្ថុ​វិទ្យា​ខ្មែរ​ក្រៅ​ប្រព័ន្ធ​មួយ​រូប​នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​ស្រាវ​ជ្រាវ​ឃើញ​រូបមន្ត របស់​បុព្វ​បុរស​ខ្មែរ​ធ្វើ​ការ​សាង​សង់​ ប្រាសាទ​បុរាណ​នានា ដូច​ជា​អង្គរវត្ត​ជា​ដើម។

រូបមន្ត​នោះ​បាន​បញ្ជាក់​ផ្ដោត​សំខាន់​ពី​ការ​ផ្សំ​ទឹក​ថ្នាំ «ព្រំ​អង្គរ» និង​ថ្នាំ «ផ្គុំ​ធាតុ​អង្គរ» ស្រោច​លើ​សំណង់​ប្រាសាទ​ឲ្យ​ជាប់​រឹងមាំ​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​ដូច​ ដែល​គេ ឃើញ នៅ​មាន​រូប​រាង​នៅ​គង់វង្ស​សព្វ​ថ្ងៃ​នេះ។

នូវ​រាល់​ការ​អះអាង​នេះ ត្រូវ​បាន​បុរាណ​វិទូ ​ដែល​សិក្សា​ស្រាវជ្រាវ ​ក្នុង​ប្រព័ន្ធ វិទ្យាសាស្ត្រ​ ទំនើប​សម័យ​បច្ចុប្បន្ន​មិន​ទាន់​ហ៊ាន​ធ្វើ​ការ​បដិសេធ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ គឺ​គេ​កំពុង​តែ​ធ្វើ​ការ​ពិចារណា។

មុន​និង​ជម្រាប​ជូន​បន្ត នាង​ខ្ញុំ​សូម​រំលឹក​ត្រួសៗ ឡើង​វិញ ដែល​អ្នក​សិក្សា​ស្រាវជ្រាវ​បុរាណ​វត្ថុ​វិទ្យា​ខ្មែរ​ក្រៅ​ប្រព័ន្ធ លោក សា សាដា បាន​បញ្ជាក់​ថា រូបមន្ត​ផ្សំ​ជា​ទឹក​ថ្នាំ​ទាំង​ពីរ​បែប គឺ​ព្រំ​អង្គរ និង​ផ្គុំ​ធាតុ​អង្គ​ក្ដី​សំខាន់​គឺ​ជា​ទឹក​ថ្នាំ​មួយ​មាន​សារធាតុ​ជាប់​ ស្អិត​ខ្លាំង​ណាស់ ជា​លក្ខណៈ​កាវ​ធម្មជាតិ ដែល​ខុស​គ្នា​ឆ្ងាយ​និង​កាវ​វិទ្យាសាស្ត្រ ដែល​គេ​ប្រើ​បិទ​វត្ថុ​ផ្សេងៗ​សព្វ​ថ្ងៃ​នេះ ពីព្រោះ​ទឹក​ថ្នាំ ឬ​កាវ​ដែល​បុព្វ​បុរស​ខ្មែរ​លោក​បាន​រក​ឃើញ​នោះ គឺ​មាន​ភាព​ពិសេស អាច​ផ្សា​ភ្ជាប់​ផ្ទាំង​ថ្ម​ប្រាសាទ​ទាំង​មូល​ឲ្យ​តោង​ស្អិត​ជាប់​ល្អ​ រឹងមាំ ហើយ​នៅ​បាន​យូរ​អង្វែង។

លោក សា សាដា បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ទឹក​ថ្នាំ «ព្រំ​អង្គរ» និង ផ្គុំ​ធាតុ​អង្គរ» នេះ​គឺ​ផ្សំ​ឡើង​ពី​រុក្ខជាតិ​ជា​ច្រើន​ប្រភេទ រួម​មាន​រុក្ខជាតិ​សរសៃ​ព្រំ ឈាម​នាគ ប្រការ​ភ្លើង ប្រការ​ជុំ ប្រការ​ព័ន្ធ និង​ប្រការ​ធាតុ។ ទឹក​ថ្នាំ​ទាំង​ពីរ​មុខ​នោះ ពិសេស​ទឹក​ថ្នាំ «ផ្គុំ​ធាតុ​អង្គរ» គឺ​មាន​លក្ខណៈ​ល្អ​ប្រពៃ​មួយ​ទៀត ដែល​គេ​អាច​យក​ទៅ​ច្នៃ​ធ្វើ​ជា​ថ្ម​សម្រាប់​សាង​ប្រសាទ​បាន ហើយ​ថ្ម​ច្នៃ​ នោះ​អាច​ធុន​ទ្រាំ​និង​ការ​ប៉ះពាល់​ពី​សំណឹក​ផ្សេងៗ ដូច​ជា​ភ្លៀង​ខ្យល់ ឬ​មួយ​ក៏​អាច​ធុន​និង​សីតុណ្ហភាព​ក្ដៅ​រលាក​ខ្លាំង​ដូច​ជា​ទឹក​អាស៊ីដ ជា​ ដើម ៖ “បើ​យើង​យក​ទឹក​អាស៊ីដ​ទៅ​ស្រោច​ទៅ​លើ​ថ្ម​ធម្មតា គឺ​វា​ពុក តែ​បើ​យើង​យក​ទឹក​អាស៊ីដ​ទៅ​ស្រោច​លើ​ថ្ម​នោះ គឺ​វា​មិន​ពុក​ទេ ហើយ​វា​អាច​នឹង​មាន​អាយុ​វែង​ណាស់​ថ្ម​នោះ”។

អ្នក​សិក្សា​ស្រាវ​ជ្រាវ​បុរាណ​វត្ថុ​វិទ្យា​ខ្មែរ​ក្រៅ​ប្រព័ន្ធ​ដដែល​ នេះ បាន​បញ្ជាក់​ទៀត​ថា ក្បួន​រូបមន្ដ​សាង​សាង់​ប្រសាទ​បុរាណ​ របស់​បុព្វ​បុរស​ខ្មែរ ដែល​លោក​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​នេះ គឺ​បាន​ចំណាយ​ពេល​សិក្សា​ស្រាវ​ជ្រាវ​ ក្រៅ​ប្រព័ន្ធ​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ រហូត​មក​ដល់​ពេល​នេះ។

លោក​បាន​បន្ថែម​ទៀត​ថា ការ​ស្រាវ​ជ្រាវ​នោះ​ភាគ​ច្រើន គឺ​តាម​រយៈ​ឯកសារ​ផ្ទាល់​មាត់ ដោយ​សាក​សួរ​ទៅ​អស់​លោក​ព្រឹទ្ធាចារ្យ​ចាស​ទុំ​ខ្មែរ​ជា​ច្រើន​នាក់ នៅ​តាម​ភូមិ​ស្រុក​នានា និង​ក្នុង​វត្ត​អារាម​ទាំង​ឡាយ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

នូវ​រាល់​ការ​អះអាង​ទាំង​ប៉ុន្មាន ដែល​ថា​បាន​រក​ឃើញ​នូវ​ក្បួន​រូបមន្ត​របស់​ដូន​តា​ខ្មែរ អំពី​ការ​ផ្សំ​ទឹក​ថ្នាំ​សម្រាប់​ផ្សារភ្ជាប់​ផ្ទាំង​ថ្ម​ក្នុង​ការ​សាង​សង់ ​ប្រាសាទ​បុរាណ និង​មាន​ប្រសិទ្ធិភាព​យូរ​អង្វែង ហើយ​អាច​យក​ទៅ​ច្នៃ​ធ្វើ​ជា​ថ្ម ដូច​បាន​បញ្ជាក់​មក​នេះ ត្រូវ​បាន​បុរាណ​វិទូ​ដែល​សិក្សា​ស្រាវ​ជ្រាវ ​នៅ​ក្នុង​ប្រព័ន្ធ​ វិទ្យាសាស្ត្រ​ទំនើប​សព្វ​ថ្ងៃ​មាន​ការ​ចាប់​អារម្មណ៍​ផង​ដែរ បើ​ទោះ​បី​ជា​ការ​ស្រាវជ្រាវ​នោះ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា ជា​ការ​ពិត ឬ​មិន​ពិត​ក៏​ដោយ។

លោក​បណ្ឌិត​សភា​ចារ្យ រស់ ចន្ដ្រា​បុត្រ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ និង​វិទ្យាសាស្ត្រ​នយោបាយ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា អ្វី​ក៏​ដោយ ដែល​គេ​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ គឺ​សុទ្ធ​តែ​ជា​ការ​ល្អ​ប្រពៃ ពី​ព្រោះ​ការ​ស្រាវ​ជ្រាវ​នោះ គឺ​ជួយ​ដោះ​ស្រាយ​នូវ​អ្វី​ដែល​ខ្លួន​គេ ឬ​អ្នក​ដទៃ​ទៀត​មិន​ទាន់​បាន​យល់​ដឹង ដូច​ជា​ការ​សាង​សង់​ប្រាសាទ​ធំៗ របស់​ខ្មែរ មាន​ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន​ជា​ដើម ដែល​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​ហើយ​នៅ​តែ​មាន​ភាព​រឹងមាំ​ល្អ​រហូត​មក​ដល់​ សព្វ​ថ្ងៃ​នេះ គឺ​មិន​ទាន់​មាន​នរណា​ម្នាក់​បាន​ដឹង​ច្បាស់​ពី​រូបមន្ត​នៃ​ការ​សាង​សង់​ ប្រសាទ​ទាំង​នោះ​ទេ ៖ “អ៊ីចឹង​ហើយ​បាន​ជា​អ្នក​ប្រាជ្ញ​មិន​ថា​តែ​ខ្មែរ​ទេ សូម្បី​តែ​បរទេស​ក៏​គេ​ចង់​ដឹង​ពី​រូបមន្ត​អ្វី​ដែល​ធ្វើ​ឲ្យ​ថ្ម…”។

អ្នក​សិក្សា​ស្រាវ​ជ្រាវ​បុរាណ​វត្ថុ​វិទ្យា​ខ្មែរ​ក្រៅ​ប្រព័ន្ធ លោក សា សាដា បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទូទៅ​បាន​ដឹង​ពី​ក្បួន​រូបមន្ត​សាង សង់​ ប្រាសាទ​បុរាណ​ដែល​ដូន​តា​ខ្មែរ លោក​បាន​ចង​ក្រង និង​បន្សល់​ទុក​មក​នេះ ដើម្បី​ឲ្យ​កូន​ចៅ​ខ្មែរ​គ្រប់​គ្នា​ជួយ​រក្សា​កេរដំណែល​ដូន​តា​ដ៏​ល្អ​ ប្រពៃ និង​មាន​ប្រយោជន៍​នេះ។

លោក​បាន​បន្ត​ថា បើ​កូន​ខ្មែរ​ទាំង​អស់​គ្នា​បាន​ដឹង​ពី​តម្លៃ​នៃ​ក្បួន​រូបមន្ត​នេះ ហើយ​គឺ​គេ​ពិត​ជា​ជួយ​ថែ​រក្សា​សម្បត្តិ​ព្រៃ​ឈើ ឬ​រុក្ខជាតិ​ទាំង​ប៉ុន្មាន ដែល​បុព្វ​បុរស​របស់​ខ្លួន​យក​មក​ផ្សំ​ធ្វើ​ថ្នាំ ឬ​កាវ​លាប​ថ្ម​ប្រាសាទ ដូច​ជា​រុក្ខជាតិ​ឈាម​នាគ រុក្ខជាតិ​សរសៃ​ព្រំ​ជា​ដើម។

ចំពោះ​រុក្ខជាតិ​សរសៃ​ព្រំ​លោក​បាន​បញ្ជាក់​ថា តាម​ការ​សង្កេត​របស់​លោក រុក្ខជាតិ​សរសៃ​ព្រំ​នេះ គឺ​នៅ​មាន​សល់​បន្តិច​បន្តួច​ប៉ុណ្ណោះ​សព្វ​ថ្ងៃ​នេះ ដោយសារ​រង​ការ​កាប់​បំផ្លាញ​ពី​សំណាក់​មនុស្ស ៖“បើ​សិន​ជា​យើង​មិន​បាន​ បណ្ដុះ​ដាំ​ថែម​ថ្មី​ទៀត​ទេ ដើម​ហ្នឹង​វា​នឹង​អស់​ពី​ព្រោះ​បង​ប្អូន​យើង​សព្វ​ថ្ងៃ​លោក​អត់​ស្គាល់ អត់​ស្គាល់​អាច​កាប់ ចោល​កាប់​ធ្វើ​អុស ធ្វើ​អី​អ៊ីចឹង​ទៅ អត់​ស្គាល់​ថា​ដើម​ឈើ​ហ្នឹង​ប្រើ​មាន​ប្រយោជន៍​យ៉ាង​ម៉េច។ (សំនួរ) វា​ជា​ប្រភេទ​វល្លិ ឬ​ជា​រុក្ខជាតិ​ដើម​ធំៗ តែ​ម្ដង? វា​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ប្រភេទ​រុក្ខជាតិ​មហា​ផល។ ប្រភេទ​រុក្ខជាតិ​មហា​ផល​ហ្នឹង ដែល​មាន​អាយុ​រាប់​រយ​ឆ្នាំ​ចាប់​ពី ៤​ទៅ​៥​រយ​ឆ្នាំ បាន​វា​ស្លាប់​ទៅ គឺ​អាយុ​វែង​ណាស់ អាច​រាប់​ពាន់​ឆ្នាំ​ក៏​មាន​ដែរ បើ​សិន​ជា​យើង​កុំ​ទៅ​បំផ្លាញ​វា ដើម​ធំៗ​ណាស់​បួន​ប្រាំ​អោប​អី​អ៊ីចឹង​ទៅ បើ​យើង​ទុក​វា…”។

លោក សា សាដា បាន​ឲ្យ​ដឹង​ទៀត​ថា រី​ឯ​ដើម​ឈើ​ឈាម​នាគ​វិញ មក​ដល់​បច្ចុប្បន្ន គេ​ឃើញ​នៅ​មាន​ច្រើន​ជាង​សរសៃ​ព្រំ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​នៅ​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ពី​ព្រោះ​ដើម​ឈើ​នោះ​ក៏​កំពុង​រង​ការ​កាប់​បំផ្លាញ​អស់​ជា​បណ្ដើរៗ ហើយ​ដែរ។ លោក​បាន​បន្ត​ទៀត​ថា ក្នុង​សម័យ​ដូន​តា​ខ្មែរ​ពី​ដើម ដោយ​លោក​យល់​ថា ដើម​ឈើ​ឈាម​នាគ ដើម​សរសៃ​ព្រំ ឬ​ក៏​ដើម​ឈើ ៤​ប្រការ ផ្សេងៗ​ទៀត មាន​ប្រយោជន៍ និង​មាន​សារសំខាន់​សម្រាប់​យក​មក​ស្ល​ធ្វើ​ថ្នាំ​ស្រោច​ប្រាសាទ ឲ្យ​បាន​ជាប់​រឹងមាំ​ល្អ​យូរ​អង្វែង​នោះ ទើប​លោក​នាំ​គ្នា​ធ្វើ​ការ​ថែ​រក្សា​ព្រៃ​ឈើ​ទាំង​នោះ ហើយ​ថែម​ទាំង​ដាំ​បណ្ដុះ​បន្ថែម​បន្ត​ៗ​ទៀត​នៅ​តាម តំបន់​នានា ឬ​ក៏​ដាំ​ក្នុង​វត្ត​អារាម ពិសេស​នៅ​តាម​តំបន់​ប្រសាទ​តែ​ម្ដង ៖ “ដាំ​ គ្រប់​ប្រាសាទ​ទាំង​អស់ កាល​ណា​គេ​ធ្វើ​ប្រាសាទ​នៅ​តំបន់​ណា​មួយ អ៊ីចឹង​នៅ​តំបន់​នោះ​គេ​មាន​រុក្ខជាតិ​អស់​ទាំង​ហ្នឹង ដើម្បី​ទុក​ឲ្យ​ហើយ កុំ​ឲ្យ​លំបាក​រក។ តែ​ដល់​ថ្ងៃ​អ៊ីចឹង​ទៅ​គេ​ស្ទោះ​សំបក​ឈើ​អស់​ទាំង​នេះ​យក​ទៅ​ស្ងោរ​ថ្នាំ ហើយ​ស្រោច​តែ​ម្ដង។ ដូច​ថ្នាំ​ផ្គុំ​ធាតុ​អង្គរ​ហ្នឹង រវាង​១​ឆ្នាំ ទៅ​៣​ឆ្នាំ គេ​នឹង​ចាប់​ស្រោច​វា​ម្ដង ព្រោះ​តំបន់​ខ្លះ​ភ្លៀង​ខ្លាំង​អ៊ីចឹង​ទៅ វា​អស់​អា​ជាតិ​ថ្នាំ​ហ្នឹង អ៊ីចឹង​វា​ធ្វើ​ឲ្យ​ប្រាសាទ​ហ្នឹង​ប្រេះ ដូច​ថា​ដី​វា​ស្រុត​អ៊ីចឹង​ទៅ គេ​ប្រយ័ត្ន​ប្រយែង​កន្លែង​ហ្នឹង ហើយ​គេ​ទៅ​ជួស​ជុល​កន្លែង​ហ្នឹង​ថែម។ អា​ហ្នឹង​ថ្នាំ​ផ្គុំ​ធាតុ ដែល​គេ​ឲ្យ​ឈ្មោះ​ថា ថ្នាំ​ពិសេស​សម្រាប់​បង្កើត​ថ្ម​ហ្នឹង គេ​ហៅ​ថា កាវ​ធម្មជាតិ​នោះ​ណា យក​ទៅ​ស្រោច លាប​ថ្នាំ​ហ្នឹង​ទៅ​ស្អិត​ជាប់​គ្នា​អ៊ីចឹង​ទៅ ដើម្បី​កុំ​ឲ្យ​វា​ប្រេះ ទឹក​ភ្លៀង​ធ្លាក់​ចូល​ទៅ​វា​ត្រូវ​ពុក​ផុយ។ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​បាន​ដើរ​មើល​រាប់​ពាន់​ប្រាសាទ​ទៅ វា​អត់​មាន​ដើម​ឈើ​អស់​ទាំង​ហ្នឹង គេ​កាប់​ចោល​អស់​ទៅ​ហើយ គេ​អត់​ស្គាល់​ដើម​ហ្នឹង។ សព្វ​ថ្ងៃ​យើង​មាន​ការ​ជួស​ជុល​តែ​បែប​លក្ខណៈ​វិទ្យាសាស្ត្រ​ទេ មិន​មែន​បែប​លក្ខណៈ​បុរាណ​វិទ្យា​ពី​ដើម​ទេ”។

លោក​បណ្ឌិត​សភា​ចារ្យ រស់ ចន្ដ្រា​បុត្រ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ និង​វិទ្យាសាស្ត្រ​នយោបាយ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ទាំង​ការ​សិក្សា​ស្រាវ​ជ្រាវ​រក​ឃើញ​រូបមន្ត និង​ទាំង​ការ​ស្គាល់​ដឹង​ពី​រុក្ខជាតិ​សម្រាប់​ផ្សំ គឺ​លោក​នឹង​ចូល​រួម​ពិនិត្យ​ពិចារណា​រឿង​នេះ ដើម្បី​ឲ្យ​ដឹង​ថា តើ​ក្បួន​ខ្នាត ឬ​រូបមន្ត​សាង​សង់​អង្គរ​ដែល​ទើប​រក​ឃើញ​នោះ ជា​ការ​ពិត ឬ​យ៉ាង​ណា ហើយ​បើ​សិន​ជា​ការ​ពិត​មែន​នោះ វា​គឺ​ជា​មរតក​ដ៏​មាន​តម្លៃ​ថ្លៃ​ថ្លា​មួយ​របស់​កូន​ខ្មែរ​ក្នុង​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត៕

Advertisements

About Lookingtodaynew.wordpress.com

I am the just writer. i want to write news and share documents to people around the world
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s