ប្រវត្តិសាស្ត្រខ្មែរដោយ រស់ ចន្ត្រាបុត្រ ប្រវត្តិសាស្ត្រ​ខ្មែរ​តាម​សិលាចារឹក និង​ឯកសារ​ចិ

ប្រវត្តិសាស្ត្រខ្មែរដោយ រស់ ចន្ត្រាបុត្រ

ប្រវត្តិសាស្ត្រ​ខ្មែរ​តាម​សិលាចារឹក និង​ឯកសារ​ចិន

៣. កម្ពុជា​សម័យ​អង្គរ

កម្ពុជា ​នា​ចុង​សតវត្ស​ទី​៨ ត្រូវ​ស្ថិត​នៅ​ក្រោម​អាណានិគម​ប្រទេស​ជ្វា​ហ្សាវា​យ៉ាង​តិច​ណាស់​ក៏​ជាង​១០ ​ឆ្នាំ​ដែរ ។ ចំពោះ​ការ​រស់​នៅ​ ការ​គ្រប់គ្រង និង​ទិដ្ឋភាព​ក្នុង​នគរ យើង​ពុំ​មាន​ឯកសារ​អ្វី​ជា​សម្អាង​សម្រាប់​សិក្សា​ឡើយ ។

តែ យើង​អាច​ដឹង​បាន​ថា ថ្ងៃ​ក្រោយ​មាន​ក្សត្រ​ខ្មែរ​មួយ​អង្គ​ព្រះនាម​ជ័យវរ្ម័ន បាន​រៀបចំ​ការ​តស៊ូ ប្រមូល​អ្នក​ស្នេហា​ជាតិ ក​ទ័ព ចេញ​ប្រយុទ្ធ រើបង្រះ រំដោះ​កម្ពុជា​ពី​អាណានិគម​ជ្វា ។ ព្រះបាទ​ជ័យវរ្ម័ន ជា​ព្រះមហាក្សត្រ​មួយ​ដ៏​ធំ​ចំណាន ខ្លាំង​ពូកែ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​បាន​កសាង​សម័យ​មហានគរ ហើយ​ដែល​បាន​ជម្រុញ​ធ្វើ​ឲ្យ​កម្ពុជា​មាន​កិត្យានុភាព​រៀង​រហូត​មក ។

ក. ព្រះបាទ​ជ័យវរ្ម័ន​ទី​២ (គ.ស​៨០២‑៨៥៤)

គេ ​អាច​ស្គាល់​ប្រវត្តិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ដោយសារ​សិលាចារឹក ស្ដុកកក់ធំ ដែល​អ្នក​ប្រវត្តិវិទូ​ខ្មែរ​បាន​សរសេរ​ចារ​ឆ្លាក់​លើ​ថ្ម​ ២០០​ឆ្នាំ​ក្រោយ​រជ្ជកាល​ព្រះអង្គ ។ ក្នុង​រាជ្យ​ព្រះអង្គ គេ​ពុំ​ឃើញ​មាន​សិលាចារឹក​ណាមួយ​ដែល​បាន​សរសេរ​ចារ​ទុក​បញ្ជាក់​ប្រាប់​អំពី ​ការ​តស៊ូ ព្យាយាម​បង្រួបបង្រួម​សាមគ្គី​ជាតិ វាយ​កម្ចាត់​ខ្មាំង និង​កសាង​មាតុភូមិ​ឡើយ ។

១. ការ​តស៊ូ​រំដោះ​ជាតិ

ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ត្រូវ​ជា​ចៅមីង​ព្រះបាទ​បុស្សករ័ក្ស បើ​គិត​ទៅ​តាម​ខ្សែ​ខាង​ម្ដាយ ។

ក្នុង ​ពេល​កើត​ព្រឹត្តិការណ៍​ពួក​ជ្វា​ចោរ​សមុទ្ទ​ចូល​មក​លួច​ប្លន់ ដុត​ផ្ទះសម្បែង ទីក្រុង​សម្ភុបុរៈ ព្រះអង្គ​ព្រម​ទាំង​ព្រះ​ញាតិវង្ស ត្រូវ​ចាប់​យក​ជា​ឈ្លើយ​នាំ​ទៅ​កោះ​ហ្សាវា ។ កាលនោះ​ ព្រះអង្គ​នៅ​ជា​កុមារ​នៅ​ឡើយ ។ នៅ​ប្រទេស​ជ្វា ព្រះអង្គ​ខំប្រឹង​រៀន​សូត្រ​គ្រប់​មុខ​វិជ្ជា ទាំង​ក្នុង​សាសនា ទាំង​ក្នុង​របៀប​រៀប​ចំ​នគរ ដែល​ជា​មូលដ្ឋាន​បាន​ជម្រុញ​ធ្វើ​ឲ្យ​ប្រទេស​ជ្វា​ក្លាយ​ទៅ​ជា​មហាអំណាច​មួយ ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍ ។

ថ្ងៃ ​មួយ​ក្នុង​គ.ស​៨០០ ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ដោយ​មាន​សេនាពល​អាមាត្យ​ជាទី​ទុក​ចិត្ត​ជូន​ដំណើរ​ផង បាន​លប​លួច​ធ្វើ​ដំណើរ​ត្រលប់​ចូល​មក​ស្រុក​ខ្មែរ​វិញ ។ ព្រះអង្គ​បាន​តាំង​ទី​មូលដ្ឋាន​នៅ​ខេត្ត​ក្រចេះ ក្នុង​តំបន់​ចន្លោះ​អតីត​ព្រះរាជធានី សម្ភុបុរៈ និង ស្រុក​ត្បូងឃ្មុំ ។ កន្លែង​នោះ​មាន​ឈ្មោះ​ថា ឥន្ទ្របុរៈ ដែល​គេ​ចាត់​ទុក​ជា​ព្រះរាជធានី​មួយ​ក្នុង​រជ្ជកាល​ព្រះអង្គ ។ ព្រះអង្គ​បាន​ពន្យល់​បញ្ចុះបញ្ចូល​ ដឹកនាំ​ព្រះញាតិវង្សានុវង្ស នាម៉ឺន​មន្ត្រី​មេទ័ព និង​ស្ដេច​ដែល​ធ្លាប់​ចំណុះ​នគរ​ចេនឡា​ទឹកលិច ឲ្យ​សុខ​ចិត្ត​សុខ​កាយ​យល់​ព្រម​រួបរួម​កម្លាំង​វាយ​កម្ចាត់​ពួក​សត្រូវ​ចោរ ​ជ្វា ។

ក្នុង​ការ​តស៊ូ​រំដោះ​ជាតិ​ ពី​នឹម​ប្រទេស​ជ្វា ព្រះបាទ​ជ័យវរ្ម័ន​ទី​២ មាន​សហការី​ពូកែ​ចំណាន​ចំណាប់​មាន​វិជ្ជា និង​សមត្ថភាព​យ៉ាង​ខ្ពង់ខ្ពស់​ជ្រៅជ្រះ​ជាច្រើន​ជា​ជំនួយ ។ មេទ័ព​ដ៏​ល្បីល្បាញ​ជាង​គេ​ឈ្មោះ ព្រិទ្ធិឥន្ទ្រវរ្ម័ន ដែល​បាន​រំដោះ​បង្ក្រាប និង​រៀប​ចំ​តំបន់​ដែល​ស្ថិត​នៅ​ខាងត្បូង​ខេត្ត​បាត់ដំបង​ឲ្យ​មាន​ សន្តិសុខ ។ ស្នាដៃ​នេះ ជា​កត្តា​មួយ​យ៉ាង​សំខាន់​ដែល​អនុញ្ញាត​ផ្ដល់​ដល់​ព្រះមហាក្សត្រ​ខ្មែរ នូវ​លទ្ធភាព​កសាង​ព្រះរាជធានី​ក្នុង​តំបន់​បឹង​ទន្លេសាប ដែល​ជា​ជង្រុក​ស្រូវ​ និង​ត្រី​សាច់ ។ ហើយ លើ​ផ្នែក​យុទ្ធសាស្ត្រ​វិញ ទីក្រុង​កម្ពុជា​ក៏​ស្ថិត​នៅ​ឆ្ងាយ​ពី​ច្រក​ចូល​របស់​កងទ័ព​ជ្វា និង​ចាម​ដែល​តែង​ឡើង​មក​តាម​ដង​ទន្លេ​ដែរ ។ ដូច្នេះ​ហើយ​បាន​ជា​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ បោះបង់​ភូមិភាគ​ទន្លេ​មេគង្គ​ខាង​ត្បូង​មក​តាំង​ទី​រាជធានី​នៅ​ខាង​ជើង​ បឹងទន្លេសាប ។

អ្នកប្រាជ្ញ​ម្នាក់​ ទៀត​ដែល​ល្បីល្បាញ​ជាង​គេ ខាង​ចំណេះ​ចេះ​ដឹង​មាន​វិជ្ជា​ខ្ពង់ខ្ពស់​មាន​ប្រាជ្ញា​ឈ្លាសវៃ ឈ្មោះ សិវកឥវលិយៈ ។ ក្នុង​គ្រប់​កាលៈទេសៈ ព្រះអង្គ​តែងតែ​នាំ​អ្នក​ប្រាជ្ញ​កំពូល​នេះ​ទៅ​ជាមួយ​ជានិច្ច ដើម្បី​ទុក​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​សម្រាប់​ផ្ដោះ​ប្ដូរ​សាក​សួរ​យោបល់​ គ្រប់​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​អាយុ​ជីវិត​ប្រទេស​ជាតិ ។

ប្រវត្តិ ​តស៊ូ​រំដោះ​ជាតិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ និង​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​នោះ គេ​ពុំ​បាន​ដឹង​អ្វី​ជា​ពិត​ប្រាកដ​ទេ ។ តែ យើង​អាច​ប៉ាន់​ស្មាន​បាន​ថា ការ​តស៊ូ​រំដោះ​ជាតិ​ក្នុង​គ្រា​នោះ​មាន​សភាព​ខ្លាំងក្លា​ធ្ងន់ធ្ងរ​ពិបាក​ ណាស់ ជាពិសេស​នៅ​ចំពោះ​មុខ​ខ្មាំង​ជ្វា ដែល​កំពុង​តែ​មាន​កម្លាំង ។ ប្រហែល​ជា​មក​អំពី​បញ្ហា​ស្ថិរភាព សន្តិសុខ និង​បុព្វហេតុ​ដូច្នេះ​ហើយ ទើប​បាន​ជា​ព្រះមហាក្សត្រ​ខ្មែរ​បាន​លើក​ បាន​រើ​ទីក្រុង​ជាច្រើន​ដំណាក់ ។ ព្រះរាជធានី​ទាំងនោះ​មាន​ កុឌិ ដែល​ស្ថិត​ក្នុង​រង្វង់​តំបន់​ប្រាសាទ​បន្ទាយក្ដី​ផ្នែក​ខាង​ជើង​ក្នុង​ ខេត្ត​សៀមរាប អមរិន្ទ្របុរៈ ដែល​អ្នក​ប្រវត្តិវិទូ​ស្មាន​ថា​នៅ​ក្នុង​តំបន់​បន្ទាយឆ្មារ ក្នុង​ខេត្ត​បាត់ដំបង ហរិហរាល័យ​ ដែល​ស្ថិត​នៅ​តំបន់​រលួស ក្នុង​ខេត្ត​សៀមរាប និង​មហិន្ទ្របព៌ត ដែល​ជា​ភ្នំគូលែន ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប​ដដែល ។

២. ការ​ប្រកាស​ឯករាជភាព​កម្ពុជា

គឺ ​នៅ​លើ​ភ្នំគូលែន ឬ​ព្រះរាជធានី​មហិន្ទ្របព៌ត ក្នុង​គ.ស​៨០២ ដែល​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​បាន​ប្រកាស​ឯករាជភាព​ កម្ពុជា​ចេញ​ពី​ក្រញាំ​អាណានិគម​ស្ដេច​ជ្វា​កោះ​ហ្សាវា ។

ប្រវត្តិ ​រំដោះ និង​ប្រកាស​ឯករាជភាព​កម្ពុជា​ត្រូវ​បាន​បុព្វបរុស​ខ្មែរ​សរសេរ​ឆ្លាក់​ចារ​ លើ​ផ្ទាំង​សិលា​ក្នុង​គ.ស​១០៥២ ដែល​គេ​ដាក់​ឈ្មោះ​ថា «សិលាចារឹក​ស្ដុកកក់ធំ» ។ សិលាចារឹក​នេះ គេ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រាសាទ​ស្ដុកកក់ធំ ដែល​ស្ថិត​នៅ​ទិស​ខាងជើង​ឆៀង​ខាង​លិច​ ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពីទី​ប្រជុំជន​ស៊ីសុផុន ខេត្ត​បាត់ដំបង (បច្ចុប្បន្ន​ខេត្ត​បន្ទាយមានជ័យ) ។ បច្ចុប្បន្ន សិលាចារឹក​ស្ដុកកក់ធំ​ត្រូវ​គេ​យក​ទៅ​តម្កល់​ទុក​នៅ​សារមន្ទីរ​សៀម​ឯ​ បាងកក ។​ តាមរយៈ​សិលាចារឹក​ស្ដុកក់ធំ យើង​អាច​ឃើញ​ស្គាល់​ យល់ និង​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ វប្បធម៌ អរិយធម៌​ខ្មែរ​មួយ​ផ្នែក​ធំ​ក្នុង​សម័យ​អង្គរ ។

ដើម្បី ​ឲ្យ​ឯករាជភាព​កម្ពុជា​មាន​ឥទ្ធិពល​ជ្រួតជ្រាប​ទៅ​គ្រប់​ទិសទី ទាំង​ក្នុង​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​ប្រជាជន ទាំង​ទៅ​លើ​ប្រទេស​ជិត​ឆ្ងាយ ព្រះបាទ​ជ័យវរ្ម័ន​ទី​២​បាន​រៀបចំ​បង្កើត​ធ្វើ​ឲ្យ​មាន​ពិធី​បុណ្យ​សាសនា​ យ៉ាង​ឧត្ដុង្គឧត្ដម​ ធំ​ឱឡារិក​នៅ​ភ្នំគូលែន ។ ព្រះអង្គ​បាន​និមន្ត​ព្រាហ្មណ៍​មួយ​អង្គ​ព្រះនាម​ហិរនិយធម្ម គង់​នៅ​អាស្រម​ជនបទ ហើយ​ដែល​ចេះ​គ្រប់​វិជ្ជា​សិល្ប៍សាស្ត្រ​មន្តអាគម​គាថា​ឲ្យ​មក​ចម្រើន​រៀបចំ ​ពិធី​បុណ្យ​គោរព​បូជា​ព្រហ្មញ្ញ​សាសនា​ទៅ​តាម​តម្រា​ក្បួន​ទ្រឹស្ដី​ ទេវរាជ ។

ព្រាហ្មណ៍​ព្រះគ្រូ​ ហិរនិយធម្ម​បាន​បង្ហាត់​បង្រៀន​សាស្ត្រា​ទាំង​បួន​ក្នុង​គម្ពីរ​ព្រះឥសូរ (សាស្ត្រា​ទាំង​បួន​មានៈ វិន័យ​សិក្ខា នយោត្តរៈ សម្មោអៈ និង សិររិឆេទ) ដល់​ព្រាហ្មណ៍​សិវកឥវលិយៈ ទីប្រឹក្សា​ជំនិត​ព្រះមហាក្សត្រ​ដើម្បី​ឲ្យ​ចេះ​ចងចាំ ក្បួន​វិធី​រៀបចំ​ធ្វើ​សក្ការបូជា​គោរព​ទេវរាជ ។ ធម៌​ទាំង​នេះ ពួក​ព្រាហ្មណ៍​ត្រូវ​រៀន​សូត្រ​ស្វាធ្យាយ និង​ត្រូវ​ចេះ​រៀបចំ​ធ្វើ​ពិធី​ផ្សេងៗ ដើម្បី​កម្ចាត់​សត្រូវ ដើម្បី​ប្រកាស​តាំង​ខ្លួន​ជា​អ្នក​ជា មាន​ឯករាជភាព មាន​ឥស្សរភាព និង​បួងសួង​សុំ​ឲ្យ​មាន​នូវ​សេចក្ដី​ចម្រុងចម្រើន​សម្បូណ៌​សប្បាយ​ដល់​ ប្រជាជាតិ ។ គឺ​អាច​ជា​ទ្រឹស្ដី ជា​ក្បួន​តម្រា​គម្ពីរ​សម្រាប់​រៀបចំ​កសាង​នគរ​ឲ្យ​មាន​ឯកភាព​ខ្លាំង​ពូកែ​ ល្អ ។ ជា​គុណ​បំណាច់​ដល់​ព្រាហ្មណ៍​សិវកឥវលិយៈ ព្រះមហាក្សត្រ​បាន​សច្ចា​ប្រគល់​សិទ្ធិ​ផ្ដាច់​មុខ​ដល់​គ្រួសារ​ព្រាហ្មណ៍​ត ​ពូជ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ជាលំដាប់​លំដោយ តាម​ត្រកូល​ខាង​ម្ដាយ ឲ្យ​មាន​ឋានៈ​ជា​អ្នក​ទទួល​បន្ទុក​រៀបចំ​ពីធី​បូជា​ទេវរាជ​តទៅ​អនាគត ។ ដូច្នេះ​ហើយ​បាន​ជា​យើង​ឃើញ​មាន​ក្រុម​ព្រាហ្មណ៍​បារគូ​បុរោហិត​នៅ​ជិត​ព្រះ ​មហាក្សត្រ ដើម្បី​ជា​សក្ខីភាព​នៃ​ការ​គោរព​ប្រពៃណី ។ តែ​ក្រុម​ព្រាហ្មណ៍​បុរោហិត​​ដែល​មាន​ពូជពង្ស​ចុះ​មក​ពី​ព្រាហ្មណ៍​ សិវកឥវលិយៈ ប្រហែល​ជា​ផុត​ពូជ​ក្នុង​សម័យ​ស្ដេច​ត្រសក់ផ្អែម ។ ពីព្រោះ​ស្ដេច​អង្គ​នេះ គ្មាន​បញ្ចក្សត្រ គ្មាន​ព្រះខ័នរាជ្យ គ្មាន​អ្វី​ជា​សម្គាល់​ជា​ស្ដេច ពេញ​គ្រប់​លក្ខណៈ​តាម​ច្បាប់​ក្រឹត្យ​ក្រម​វិន័យ​ខ្មែរ​ឡើយ (ពូជពង្ស​វង្ស​ត្រកូល​ព្រាហ្មណ៍​សិវកិវលិយៈ​ប្រហែល​ជា​ត្រូវ​រលត់​ផុត​អស់​ លែង​មាន​ក្នុង​សម័យ​ព្រឹត្តិការណ៍​តាត្រសក់ផ្អែម​ដណ្ដើម​រាជ្យ​ដែល​បាន​កាប់ ​សម្លាប់​បំផ្លាញ​អ្វី​ជា​ព្រហ្មញ្ញ​សាសនា ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ស្ដេច​ត្រសក់ផ្អែម​បញ្ជា​ឲ្យ​បង្កើត​ក្រុម​ ព្រាហ្មណ៍​បុរោហិត និង​បញ្ចក្សត្រ​សម្រាប់​តំណាង​រាជបល្ល័ង្ក) ។ ឯ​ពិធី​ធ្វើ​សក្ការបូជា​ទេវរាជ​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ជំនាន់​ក្រោយ គោរព​ប្រតិបត្តិ អនុវត្ត​ធ្វើ​តាម​រហូត​មក​ដល់​សព្វថ្ងៃ ។ មិន​តែ​ប៉ុណ្ណោះ ព្រាហ្មណ៍​សិវកឥរលិយៈ​បាន​ទទួល​ឋានៈ​ជា​ព្រះរាជគ្រូ​របស់​ ព្រះមហាក្សត្រ ។

ក្នុង​ការ​គោរព​បូជា ​ទេវរាជ គេ​យក​លិង្គ​មក​ធ្វើ​ជា​តំណាង ។ លិង្គ​នេះ គេ​យក​ទៅ​តម្កល់​ទុក​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់​ដែល​ជា​តំណាង​ភ្នំ​ព្រះ​ សុមេរុ ។ ឯ​ភ្នំ​ដែល​តំណាង​ភ្នំ​ព្រះ​សុមេរុ​គឺ​ភ្នំគូលែន ។ ដូច្នេះ​ហើយ​បាន​ជា​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​បាន​ប្រារព្ធ​ពិធី​គោរព​បូជា​ ទេវរាជ និង​យក​លិង្ក​ទៅ​តម្កល់​នៅ​ទី​នោះ ។ លិង្ក​ជា​តំណាង​ព្រះឥសូរ ជា​តំណាង​ការ​កកើត ។ ឯ​ក្នុង​ការ​គោរព​ទេវរាជ លិង្ក​ជា​តំណាង​ព្រះមហាក្សត្រ​ដែល​មាន​ភារកិច្ច​ការពារ​គ្រប​ដណ្ដប់​ ប្រជាជាតិ ទាំង​តាម​ផ្លូវ​ចិត្ត​ ទាំង​តាម​ផ្លូវ​កាយ ។ លិង្ក​តំណាង​ទេវរាជ គេ​អាច​លើក​ផ្លាស់​ប្ដូរ​ទីកន្លែង​បាន​ទៅ​តាម​កាលៈទេសៈ ។

ដោយសារ ​ពិធី​ធ្វើ​សក្ការបូជា​ទេវរាជ ព្រះបាទ​ជ័យវរ្ម័ន​ទី​២​អាច​ប្រកាស​តាំង​ខ្លួន​ជា​ស្ដេច​អាទិទេព (Dieu Roi) មាន​តេជៈបារមី​ដូច​ទេវរាជ មិន​ចាញ់​ស្ដេច​ជ្វា​នៅ​កោះ​ហ្សាវា​ឡើយ ដែល​ជា​លក្ខណៈ​បញ្ជាក់​អំពី​ឯករាជភាព​ពិតប្រាកដ​របស់​ប្រទេស​កម្ពុជា ។

៣. ទ្រឹស្ដី​ទេវរាជ

អ្នកប្រវត្តិវិទូ និង​អ្នក​សិក្សាស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​តែង​តែ​នាំ​គ្នា​ និយម​មូល​មតិ​ជឿ​យល់​ថា ការ​គោរព​បូជា​ទេវរាជ ជា​ការ​វិវត្ត​នៃ​ព្រហ្មញ្ញ​សាសនា​ក្នុង​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ២ ។ គេ​យល់​ថា ដើម្បី​អះអាង​ប្រកាស​ខ្លួន​ជា​ស្ដេច​ពេញ​សិទ្ធិ ដើម្បី​បញ្ចេញ​បង្ហាញ​ឥទ្ធិពល​មហិទ្ធិឫទ្ធិ​ឲ្យ​ប្រជានុរាស្ត្រ​កោត​ខ្លាច​ គោរព​ទទួល​ស្គាល់ ដើម្បី​បញ្ជាក់​ភាព​ឯករាជ្យ​របស់​កម្ពុជា ព្រះបាទ​ជ័យវរ្ម័ន​ទី​២​ត្រូវ​តែ​រៀប​ចំ​ធ្វើ​ពិធី​សាសនា​នៅ​ភ្នំគូលែន គឺ​ព្រះអង្គ​បាន​តាំង​ខ្លួន​ជា​ព្រះមហាក្សត្រ​ផង ជា​ព្រះអាទិទេព​ផង ។

ទ្រឹស្ដី ​នេះ​សម​ហេតុ​សម​ផល​ត្រឹម​ត្រូវ​ណាស់ តែ​ បើ​យើង​យក​ទ្រឹស្ដី​ទេវរាជ​ដោយ​សម្អាង​ទៅ​លើ​សិលាចារឹក​ស្ដុកកក់ធំ មក​សិក្សា​រិះ​គិត​ពិចារណ​ឲ្យ​បាន​វែង​ឆ្ងាយ​បន្តិច ជំនឿ និង​ការ​គោរព​ទេវរាជ មិន​មែន​កម្រិត​ឈប់​ចប់​ត្រឹម​តែ​លើ​សាសនា និង​លើ​រូប​ព្រះមហាក្សត្រ​ប៉ុណ្ណោះ​នោះ​ទេ ។ ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​សក្ការបូជា​គោរព​ថ្វាយ​ចំពោះ​ព្រះទេវរាជ​នៅ​ភ្នំគូលែន ​ក្នុង​គ.ស​៨០២ អាច​ចាត់​ទុក​ជា​ទិវា​ខ្មែរ​ឯករាជ្យ រំដោះ​ចាក​ផុត​ពី​អាណានិគម​ជ្វា​កោះ​ហ្សាវា និង​ក៏​ជា​ថ្ងៃ​ដែល​ខ្មែរ​បាន​​ប្រកាស​អនុវត្ត​គោរព​ទ្រឹស្ដី​គោលការណ៍​ នយោបាយ​ថ្មី​សម្រាប់​កសាង​ប្រទេស​ជាតិ​ដែរ ។

ទេវរាជ​ ជា​ឈ្មោះ​គម្ពីរ​ក្បួន​ខ្នាត​ទ្រឹស្ដី​នយោបាយ​ខ្មែរ​សម្រាប់​រៀបចំ​គ្រប់គ្រង​ប្រទេស​ជាតិ ។

ការ​បែងចែក​អំណាច

សាសនា ​ដែល​តំណាង​ទៅ​ដោយ​វណ្ណៈ​ព្រាហ្មណ៍ គ្រាន់​តែ​ជា​មូលដ្ឋាន​សម្រាប់​ប្រមូល​ផ្ដុំ​ប្រជានុរាស្ត្រ និង​ជា​ប្រភព​សម្រាប់​បង្កើត​បញ្ចេញ​ច្បាប់​ទ្រឹស្ដី​គោល​គំនិត​នយោបាយ​ ប៉ុណ្ណោះ ។ ឯ​ព្រះមហាក្សត្រ​ដែល​ជា​ទេវរាជ​ ជា​អ្នក​យក​ច្បាប់​ យក​គោល​គំនិត​ ទ្រឹស្ដី​នយោបាយ​ទាំង​នោះ មក​អនុវត្ត​ប្រតិបត្តិ ។ បើ​យើង​និយាយ និង​ប្រើ​តាម​ភាសា​ទំនើប​ថ្មី​បច្ចុប្បន្ន ក្រុម​ព្រាហ្មណ៍​បុរោហិត​ដែល​តំណាង​ដោយ​ព្រាហ្មណ៍​សិវកឥវលិយៈ ជា​អ្នក​ធ្វើ​ច្បាប់ ឬ​ជា​រដ្ឋសភា ។ ចំណែក​ព្រះមហាក្សត្រ​វិញ ព្រះ​អង្គ​មិន​ធ្វើ​ច្បាប់​ទេ ។ ព្រះ​អង្គ​ជា​អ្នក​គោរព និង​អនុវត្ត​ធ្វើ​តាម​សេចក្ដី​បញ្ញត្ត​របស់​ច្បាប់ ។ ព្រះ​មហាក្សត្រ​ស្ថិត​នៅ​ក្រោម​អំណាច​ច្បាប់ ។ ព្រះអង្គ​ជា​តំណាង​អំណាច​នីតិប្រតិបត្តិ ។ ដូច្នេះ ក្នុង​ការ​រៀបចំ​គ្រប់គ្រង​ប្រទេស​កម្ពុជា អ្នកដឹកនាំ ឬ​អ្នក​នយោបាយ​ខ្មែរ​ជំនាន់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ បាន​បែង​ចែក​អំណាច​ជា​ពីរៈ នីតិបញ្ញាត្តិ និង​ នីតិប្រតិបត្តិ ។ របៀប​បែងចែក​អំណាច​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ធ្វើ​សច្ចាប្រណិធាន​ថា គោរព​អនុវត្ត​ធ្វើ​តាម​តរៀង​រហូត​ទៅ​អនាគត ។ នេះ​គឺ​ជា​មូលដ្ឋាន និង​ជា​គ្រឹះ​នគរ​ខ្មែរ ។

ការ​រៀបចំ​ស្ថាប័ន​ជាតិ

ការបែងចែក ​អំណាច​នាំ​មក​នូវ​ការ​រៀបចំ​ស្ថាប័ន ។ ស្ថាប័ន​នេះ​មាន​ទាក់ទង​ទៅ​នឹង​ការ​កំណត់​មុខងារ​កិច្ចការ​របស់​ក្រុម​ ព្រាហ្មណ៍​បុរោហិត និង​ព្រះមហាក្សត្រ ។

ក្រុម ​ព្រាហ្មណ៍​មាន​ភារកិច្ច​ក្នុង​ការ​គោរព​រៀបចំ​ធ្វើ​ពិធី​បុណ្យ​ឲ្យ​បាន​ ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​វិន័យ ។ ព្រាហ្មណ៍​ក៏​ត្រូវ​ពិនិត្យ​ត្រួតត្រា​ការ​អនុវត្ត​ទាំង​នោះ​ដែរ ហើយ​ករណីយកិច្ច​ដ៏​ធំ​មួយ​ទៀត​របស់​ព្រាហ្មណ៍ គឺ​ការ​អប់រំ​បង្ហាត់​បង្រៀន​ព្រះរាជវង្សានុវង្ស និង​ផ្ដល់​យោបល់​គោល​គំនិត​ល្អៗ​ដល់​ព្រះមហាក្សត្រ ។ រួម​សេចក្ដី​មក ក្រុម​ព្រាហ្មណ៍​ជា​អ្នក​ថែរក្សា​ការពារ​ច្បាប់​ធម្មវិន័យ​ក្រឹត្យ​ក្រម​ ក្បួន​ខ្នាត​គម្ពីរ​របស់​ខ្មែរ ។ ទិដ្ឋភាព​ត្រង់​នេះ សិលាចារឹក​ស្ដុកកក់ធំ​បាន​បញ្ជាក់​ច្បាស់​ណាស់ ។

រីឯ ​ស្ថាប័ន​ដែល​ជាប់​នឹង​ព្រះមហាក្សត្រ ឬ​អំណាច​នីតិប្រតិបត្តិ យើង​ឃើញ​មាន​ការ​បង្កើត​ក្រុម​នាម៉ឺន​មន្ត្រី ការ​រៀបចំ​សង្គម ការ​បែងចែក​រៀបចំ​ទឹក​ដី​ភូមិ​ស្រុក និង​ការ​បែងចែក​ធនធាន ។

ការ​ស្ថាបនា​ជាតិ

ក្នុង ​ទ្រឹស្ដី​ទេវរាជ​ក្នុង​សិលាចារឹក​ស្ដុកកក់ធំ ពាក្យ «ស្ថាបនា» ជា​ពាក្យ​ដែល​សំខាន់​មាន​តម្លៃ និង​អត្ថន័យ​ធ្ងន់​ធំ​ទូលំ​ទូលាយ​ជាង​គេ ។ ពាក្យ​ស្ថាបនា ជា​គន្លឹះ​ធំ​ក្នុង​ទិសដៅ​នយោបាយ​កសាង​ជាតិ​របស់​ខ្មែរ ។ អ្នកដឹកនាំ​ខ្មែរ​ត្រូវ​ស្ថាបនា ធ្វើ​ដូចម្ដេច​ឲ្យ​ប្រទេស​ជាតិ​ចម្រុង​ចម្រើន ឲ្យ​ពលរដ្ឋ​មាន​បាន​សម្បូណ៌​សប្បាយ​ ចាក​ផុត​ភាព​ទុរគត​ក្រីក្រ​តោកយាក ព្រាត់​ប្រាស​ក្រុម​ញាតិ​គ្រួសារ ។

ការ ​បែងចែក​អំណាច​ រៀបចំ​ស្ថាប័ន​ដាក់​គោលការណ៍​នយោបាយ​ថ្មី​ឲ្យ​សមស្រប​ស៊ី​ចង្វាក់​ ប្រទាក់ប្រទង​ប្រទាញ​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្ថាបនា​កសាង​ជាតិ ។ ការ​កសាង​សាងសង់​ទាំង​នេះ មិនមែន​អនុវត្ត​ដោយ​មិន​បាន​គិត​គូរ​ល្អ​ល្អិត​ល្អន់​នោះ​ទេ ។ គេ​ក៏​មិន​មែន​ធ្វើ​ឲ្យ​ឃើញ​ចេញ​មាន​តែ​រូបរាង ទុក​សម្រាប់​បង្អួត​ឲ្យ​គេ​កោត​សរសើរ​ឡើយ ។

ការ ​ស្ថាបនា​នេះ ស្ថិត​នៅ​លើ​ការ​កាប់​គាស់​ឆ្ការ​ព្រៃ​ទឹកដី​ថ្មី​ ឲ្យ​ក្លាយ​ទៅ​ជា​ស្រែ​ចម្ការ​ ជា​ស្រុក​ភូមិ​ថ្មី សម្រាប់​បង្កបង្កើន​ភោគផល សម្បត្តិ​សង្គម​ជាតិ ។ មុន​នឹង​បាន​សម្រេច​ជោគជ័យ​តាម​ការ​គ្រោង​ ព្រះមហាក្សត្រ និង​អ្នក​ដឹកនាំ​ខ្មែរ​បាន​ជួយ​ឧបត្ថម្ភ​ប្រជា​ពលរដ្ឋ ដោយ​មាន​ចែក​ទឹក​ចែក​ដី ទ្រព្យ​ធនធាន សត្វ​ពាហនៈ​គោ​ក្របី ប្រដាប់​ប្រដារ ឧបករណ៍​កសិកម្ម និង​ខ្ញុំ​កំដរ​ទាសាទាសី ។ សក្ខីភាព​នេះ​អាច​បង្ហាញ​ថា ព្រះមហាក្សត្រ និង​អ្នកដឹកនាំ​ជាតិ​ខ្មែរ​យល់​អំពី​ជម្រៅ​សេដ្ឋកិច្ច​ដែល​ផ្អែក​ទាំង​ស្រុង ​ទៅ​លើ​កសិកម្ម ។ ដូច្នេះ កម្លាំង​នគរ​ស្ថិត​នៅ​លើ​កសិកម្ម ។ ឯ​ការ​ស្ថាបនា​កសាង​ជាតិ​ស្ថិត​នៅ​លើ​ការ​ស្ថាបនា​កសិកម្ម ។

ហើយ ​ការ​បែងចែក​ទឹកដី​ភូមិ​ស្រុក ការ​ជួយ​ឧបត្ថម្ភ និង​បញ្ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​កាន់​កាប់​ រស់​នៅ​លើ​ទឹកដី​ថ្មី ក៏​ជា​នយោបាយ​មួយ​យ៉ាង​ល្អ​ដែរ​ក្នុង​ការ​ថែរក្សា​ការពារ​ជាតិ​ មាតុភូមិ ។

៤. ការ​កសាង​ និង​ស្នាដៃ

ព្រះបាទ ​ជ័យវរ្ម័ន​ទី​២ ទោះបី​ជា​ព្រះអង្គ​មាន​បេសកកម្ម​ធំ​ត្រូវ​រំដោះ​ជាតិ​ក៏​ដោយ ក៏​ព្រះអង្គ​យក​ចិត្ត​ទុក​ដាក់​ ខំ​រិះ​គិត​រក​មធ្យោបាយ រៀបចំ​ទីក្រុង ឲ្យ​បាន​នឹង​ន មាន​ស្ថិរភាព និង​មាន​ការ​រីកចម្រើន​ដែរ ។ ដូច្នេះ​ហើយ​បាន​ជា​ព្រះអង្គ​ រុះរើ លើក​ព្រះរាជធានី​ចុះ​ឡើង តែ​ព្រះរាជធានី​របស់​ព្រះអង្គ​ស្ថិត​នៅ​ជានិច្ច​តែ​ក្នុង​រង្វង់​តំបន់​ បឹងទន្លេសាប ដែល​ជា​ការ​ចាប់​ផ្ដើម​កំណត់​ទីតាំង​ព្រះរាជធានី​នគរ​ធំ ឬ​មហានគរ​ទៅ​ក្នុង​អនាគត​កាល ។

ក្នុង ​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ គេ​ពុំ​សូវ​ឃើញ​មាន​ការ​កសាង​ប្រាង្គ​ប្រាសាទ​ធំៗ​ទេ ។ ឯ​ទីក្រុង​ព្រះរាជធានី​ផ្សេងៗ​ដែល​ព្រះអង្គ​បាន​ទៅ​តាំងទី ក៏​មិន​បាន​ទុក​នូវ​សំណៅ​អ្វី​ជា​ធំ​ដុំ​មាន​ជាប់​មក​ដល់​បច្ចុប្បន្ន​ ដែរ ។ ពីព្រោះ​សំណង់​ទាំង​នោះ ធ្វើ​ពី​ឈើ ឬ​ដោយ​សម្ភារៈ​មិន​សូវ​ជាប់​មាំមួន ។ បុព្វហេតុ​នេះ គឺ​បណ្ដាល​មក​ពី​ស្រុក​មាន​សង្គ្រាម ព្រះអង្គ​គិត​តែ​ខំ​ប្រឹងប្រែង​រៀបចំ​ការ​តស៊ូ​រំដោះ​ជាតិ​ពី​អាណានិគម​ជ្វា ​កោះ​ហ្សាវា ។ ម្យ៉ាងទៀត សន្តិសុខ​ក៏​ពុំ​ទាន់​មាន​ជាស្ថាពរ​ក្នុង​នគរ​ដែរ ។

ប្រាសាទ​ដែល​បាន​សង់​ក្នុង​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ មាន​ជាអាទិ ៖

ប្រាសាទ​រំចែង ត្រូវ​បាន​កសាង​នៅ​ភ្នំគូលែន ក្នុង​គ្រា​ដែល​ព្រះរាជធានី​បាន​រើ​ទៅ​តាំង​នៅ​ទីនោះ ។

ប្រាសាទ​អកយំ ដែល​ស្ថិត​នៅ​ម្ដុំ​បារាយណ៍​ខាងលិច ត្រូវ​បាន​កសាង​ដោយ​ឥដ្ឋ ។

ប្រាសាទ ​ទាំង​នេះ មាន​រូបរាង​ទំហំ​តូចមែន តែ គេ​អាច​ចាត់​ទុក​ជា​យុគ​ថ្មី​មួយ​របស់​ខ្មែរ​ក្នុង​វិស័យ​សិល្បៈ និង​សាងសង់​ប្រាសាទ ។ យើង​បាន​ឃើញ​ប្រាសាទ​ខ្មែរ​ជំនាន់​ក្រោយ​ជាច្រើន​ កសាង​ទៅ​តាម​លំនាំ​ប្រាសាទ​រំចែង និង​អកយំ ។

ក្រោយ ​ដែល​បាន​ទៅ​តាំង​ព្រះរាជធានី​នៅ​ភ្នំគូលែន ឬ​មហិន្ទ្របព៌ត ព្រះបាទ​ជ័យវរ្ម័ន​ទី​២​បាន​យាង​ត្រលប់​មក​គង់​នៅ​ឯ​រលួស ទីក្រុង​ចាស់​ហរិហរាល័យ ។ ព្រះអង្គ​បាន​ចូល​ទីវង្គត​នៅ​ទីក្រុង​នេះ​ក្នុង​គ.ស​៨៥៤ ក្នុង​ព្រះជន្ម​ប្រហែល​ជា​៩០​វស្សា ។

ព្រះអង្គ ​ជា​ព្រះមហាក្សត្រ​ខ្មែរ​យ៉ាង​ធំ​មួយ​អង្គ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ខ្មែរ ។ ព្រះអង្គ​បាន​រំដោះ​ជាតិ​ពី​នឹម​ជ្វា ព្រះអង្គ​បាន​បង្រួបបង្រួម​ប្រទេស​កម្ពុជា​ឲ្យ​មាន​ឯកភាព ហើយ​ព្រះអង្គ​ក៏​ជា​ក្សត្រ​ខ្មែរ​ដែល​បាន​ស្ថាបនា កសាង​ទឹកដី​ខ្មែរ​ឲ្យ​ធំធាត់​ មាន​កិត្យានុភាព​ជា​មហានគរ​ដែរ ។ ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ព្រះអង្គ​ជា​មហាក្សត្រ​ខ្មែរ​មួយ​អង្គ​ខ្លាំង​ពូកែ អង់អាច​ក្លាហាន ព្យាយាម​តស៊ូ មាន​ចិត្ត​អំណត់ មាន​ចំណេះ​វិជ្ជា​ជ្រៅជ្រះ មាន​ប្រាជ្ញា​ភ្លឺថ្លា​ឈ្លាសវៃ ដែល​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​ស្រុក​ខ្មែរ និង​កូនចៅ​ជំនាន់​ក្រោយ ។

Advertisements

About Lookingtodaynew.wordpress.com

I am the just writer. i want to write news and share documents to people around the world
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s